(សៀមរាប)៖ លោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានអំពាវនាវអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ សូមចូលរួមផ្សព្វផ្សាយពីវិធីសាស្រ្តការពារជំងឺគ្រុនឈាម ឲ្យបានទូលំទូលាយ និងទប់ស្កាត់ជំងឺឆ្លងមួយនេះ ខណៈ:ដែលជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៦នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យ បានបន្តថា ដោយទទួលបានការណែនាំពីលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយឱ្យមន្ទីរពេទ្យជ័យវរ្ម័នទី៧ ចូលរួមបណ្តុះបណ្តាលគ្រូពេទ្យនៅតាមខេត្តមួយចំនួន រួមមាន៖ ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង, ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារ ក្នុងទិសដៅដើម្បីឱ្យការព្យាបាល និងថែទាំជំងឺគ្រុនឈាម មានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ។
លោកសាស្រ្តាចារ្យ បន្តថា ក្នុងនោះដែរ ក្រុមគ្រូពេទ្យចុះបណ្តុះបណ្តាលទាក់ទងនឹងការព្យាបាល និងណែនាំដល់អ្នកជំងឺ កុំឱ្យទិញថ្នាំ និងផ្សំថ្នាំនៅខាងក្រៅមកលេបថ្នាំលើសកម្រិត ឬដោយគ្មានវេជ្ជបញ្ជា ដែលអាចធ្វើឲ្យអ្នកជំងឺប៉ះពាល់ដល់សម្ពាធពោះវៀន និងសម្ពាធថ្លើម ធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ និងពិបាកថែទាំ។ ប្រសិនដឹងខ្លួនថាមានជំងឺគ្រុនឈាម ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដោយមិនត្រូវដាក់សេរ៉ូមនៅតាមផ្ទះ ដើម្បីកុំឱ្យហួសពេល។ល។
លោកសាស្រ្តាចារ្យ បញ្ជាក់ថា សព្វថ្ងៃនេះជំងឺគ្រុនឈាម មិនមានថ្នាំព្យាបាល ឬក៏វ៉ាក់សាំងណា ដែលមានប្រសិទ្ធភាពក្នុងការពារដែរ។ ដូច្នេះហើយមានតែការថែទាំ ហើយកាលណាបើអ្នកជំងឺក្តៅខ្លួនថ្ងៃទី៤ និងទី៥ ចុះត្រជាក់បន្តិចទៅ គឺអាចជាថ្ងៃមួយដែលធ្វើឲ្យបរិមាណឈាមសក្នុងសរសៃឈាមថយចុះ ដូច្នេះយើងត្រូវតែដឹង និងបំពេញសេរ៉ូម ក៏ដូចជាបំពេញជាតិឈាមឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ ក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ចំនួនអ្នកកើតជំងឺគ្រុនឈាមមានការកើនឡើងខ្លាំង ក្នុងនោះរួមមាន៖ ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ព្រមទាំងខេត្តផ្សេងៗទៀតក៏មានការកើនឡើងផងដែរ៕






























