ជុំវិញកម្ដៅវិវាទព្រំដែនរវាង កម្ពុជា-ថៃ ហើយកំពុងឈានដល់ការបិទច្រកព្រំដែនជាឯកតោភាគីរបស់ភាគីថៃទាំងស្រុងបន្ថែមទៀតនោះ មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈរួចហើយ ជាពិសេសបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធលើការធានាឱ្យមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងតម្លៃសមរម្យទាំងប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងៗទៀតឆ្លើយតបទៅនឹងវិធានការជាឯកតោភាគីរបស់ថៃ។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ប្រាប់ប៊ីធីវី ឱ្យដឹងថា ជុំវិញតម្លៃផ្លែឈើ បន្លែ និងគ្រឿងឧបភោគ បរិភោគផ្សេងៗ លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានដាក់វិធានការ ជាយន្តការមួយដើម្បីឱ្យក្រុមការងារ ពិសេសខេត្តដែលជាប់ព្រំដែនធ្វើការតាមដានតម្លៃទំនិញទាំងអស់នោះជាប្រចាំហើយឱ្យបានម៉ត់ចត់ជាទីបំផុត។ បើកន្លែងណាមានការឡើងថ្លៃក្រសួងនឹងធ្វើអន្តរាគមន៍តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យទីផ្សារមានស្ថិរភាព។
ឯកឧត្តមបានបន្តថា ចំពោះបញ្ហាប្រេងឥន្ធនៈ មានការឡើងថ្លៃបន្តិចទាំងម៉ាស៊ូត និងសាំង ប៉ុន្ដែការកើនឡើងនេះគឺជាការប្រែប្រួលតម្លៃប្រេងអន្តរជាតិ មិនមែនដោយសារការបិទការនាំចូលប្រេងឥន្ធនៈពីថៃនោះទេ។ ឯកឧត្តម បានគូសបញ្ជាក់ថា តម្លៃដែលកើននេះមិនមែនអាស្រ័យលើការបិទមិនទទួលទិញ ឬក៏បិទមិនឱ្យនាំចូលប្រេងឥន្ធនៈពីថៃនោះទេ ប៉ុន្ដែផ្អែកតាមការគណនាទៅតាមថ្លៃបេ្រងលើទីផ្សារអន្តរជាតិ។ ខណៈបច្ចុប្បន្ននេះប្រេងឆៅបានឡើងថ្លៃប្រហាក់ប្រហែល៧៧ ឬ៧៨ ដុល្លារ ក្នុងមួយបារ៉ែល ដូច្នេះបើប្រេងឆៅឡើងថ្លៃនោះប្រេងចម្រាញ់រួចក៏ត្រូវឡើងថ្លៃដូចគ្នា។
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ទាំងអាជីវករ និងអ្នកទិញបានលើកឡើងថា សព្វថ្ងៃនេះតាមការមើលឃើញជាក់ស្តែង ទាំងរបស់របរប្រើប្រាស់ ស្លៀកពាក់ សម្ភារៈផ្សេងៗ និងហូបចុកជាដើម គឺមានច្រើនសន្ធឹកសន្ធាប់ណាស់ មិនមានករខ្វះខាតអ្វីឡើយ។ ក្នុងឱកាសនោះប្រជាពលរដ្ឋបានលើកទឹកចិត្តដល់កងទ័ពជួរមុខទាំងអស់បំពេញការងារប្រកបដោយភាពជោគជ័យគ្រប់ភារកិច្ច និងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ផ្តល់ការទុកចិត្តដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើន និងសន្តិភាពទាំងអស់គ្នា៕
Tags:
ព័ត៌មានជាតិ