(បាងកក)៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បាននិយាយថាប្រទេសថៃនៅតែមានការប្ដេជ្ញាចិត្តចំពោះការកំណត់ព្រំដែនសមុទ្រឱ្យច្បាស់លាស់ជាមួយកម្ពុជាជាមុនសិន នៅមុនមានកិច្ចពិភាក្សាស្ដីពីការអភិវឌ្ឍធនធានរួមគ្នា ឬការចែករំលែកផលប្រយោជន៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod។
ថ្លែងនៅឯវិមានរដ្ឋាភិបាលថៃកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក Sihasak បានបញ្ជាក់ទៀតថាកិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬ UNCLOS បានប្រព្រឹត្តទៅដោយរលូន។ លោកបន្ថែមថាភាគីថៃបានបង្ហាញពីគោលជំហររបស់ខ្លួន និងបានពន្យល់ការវិវត្តន៍ដែលបាននាំប្រទេសទាំង២ ឆ្ពោះទៅរកដំណើរការផ្សះផ្សាជាមួយការសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពស្មោះត្រង់ក្នុងកិច្ចចរចា ព្រមទាំងការដោះស្រាយបញ្ហាទ្វេភាគីប្រកបដោយចីរភាព។
«សម្រាប់ថៃ ការដោះស្រាយបញ្ហាប្រកបដោយចីរភាពមានន័យថាជាការកំណត់ព្រំដែនសមុទ្រឱ្យបានច្បាស់លាស់ជាមុនសិន»។ នេះជាការកត់សម្គាល់របស់លោកប្រមុខការទូតថៃ។ ដោយឡែក នៅពេលត្រូវបានសាកសួរពីជំហររបស់កម្ពុជា លោក Sihasak បាននិយាយថាទីក្រុងភ្នំពេញក៏បានផ្ដល់សារៈសំខាន់លើការកំណត់ព្រំដែនទឹកផងដែរ។ តែទោះជាបែបនេះក្ដី ប្រសិនបើដំណើរការ ត្រូវចំណាយពេលយូរ កម្ពុជាប្រហែលជាមានបំណងឆ្ពោះទៅរកការចែករំលែកផលប្រយោជន៍ និងការអភិវឌ្ឍរួមគ្នា។
តាមលោក Sihasak ថៃបានរក្សាជំហរថាព្រំដែនសមុទ្រត្រូវតែមានការកំណត់ឱ្យបានច្បាស់លាស់ មុននឹងមានកិច្ចពិភាក្សាពីការអភិវឌ្ឍរួម ឬចែករំលែកធនធានអាចធ្វើទៅបាន។ ពាក់ព័ន្ធនឹងថាតើទំនាក់ទំនងរវាងថៃ និងកម្ពុជាកំពុងមានភាពល្អប្រសើរឬ? លោក Sihasak បានសង្កត់ធ្ងន់ថាទំនាក់ទំនងរវាងប្រទេសទាំងកំពុងមានភាពល្អប្រសើរ ហើយថាកម្ពុជាកាន់តែបង្ហាញពីចេតនាចង់ផ្សះផ្សាដែលនេះអាចនាំទៅរកការបង្កើតចន្លោះទំនេរមួយសម្រាប់កិច្ចចរចានៅពេលអនាគត៕

