(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការព្យាបាលជូនកងទ័ព និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមបច្ចេកវិទ្យាទំនើបស្តង់ដារអន្តរជាតិ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ មន្ទីរពេទ្យព្រះកេតុមាលា បានបំពាក់ម៉ាស៊ីនឡាស៊ែរ POTENT HOLMIUM YAG ថាមពលខ្ពស់ 160W ដែលជាបច្ចេកវិទ្យាទំនើបបំផុត ក្នុងការព្យាបាលជំងឺក្រួស ផ្លូវប្រព័ន្ធទឹកនោម និងជំងឺក្រពេញប្រូស្តាតរីកធំ។
ការបំពាក់ម៉ាស៊ីននេះ មិនត្រឹមតែជាការអភិវឌ្ឍសមត្ថភាពវេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រសួងការពារជាតិ ចំពោះសុខុមាលភាពរបស់កងទ័ព និងប្រជាជនផងដែរ។
ម៉ាស៊ីនឡាស៊ែរថាមពលខ្ពស់នេះ ជាម៉ាស៊ីនឡាស៊ែរថាមពលខ្ពស់ជាងគេនៅកម្ពុជា ដែលបានដាក់ឲ្យប្រើប្រាស់នៅមន្ទីរពេទ្យព្រះកេតុមាលា នៅថ្ងៃនេះ គឺរចនាឡើងជាពិសេសសម្រាប់ ការបំបែកគ្រួសក្នុងប្រព័ន្ធទឹកនោម ដែលមានទំហំធំ ដោយរួមបញ្ចូល បច្ចេកវិទ្យា Cannon™ ជំនាន់ថ្មី ដែលជួយបញ្ជូនថាមពល ទៅកាន់គោលដៅដោយផ្ទាល់បំបែកក្រូសបានធ្មត់ល្អ និងកាត់បន្ថយបាតុភូតក្រួសខ្នាត។
ដោយសារបច្ចេកវិទ្យាទំនើបនេះ បានធ្វើឱ្យរយៈពេលនៃការវះកាត់កាន់តែខ្លី និងកាត់បន្ថយផលប៉ះពាល់ បានកាន់តែល្អប្រសើរ អ្នកជំងឺជាសះស្បើយកាន់តែឆាប់រហ័ស និងកាត់បន្ថយពេលវេលាសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សម្រាប់អ្នកជំងឺក្រពេញប្រូស្តាតរីកធំ ម៉ាស៊ីនឡាស៊ែរ 160W នេះអាចធ្វើការវះកាត់ឆ្កៀលសាច់ប្រស្អាត (HoLEP) បានយ៉ាងមានសុវត្ថិភាព ជៀសវាងការហូរឈាមច្រើន និងអាចឱ្យអ្នកជំងឺជាសះស្បើយលឿនជាងមុខ។ នេះគឺជាការធានាថា កងទ័ព និងប្រជាជនដែលមានបញ្ហាក្រពេញប្រស្អាត អាចទទួលបានការព្យាបាលដ៏មានប្រសិទ្ឋភាព ដោយមិនចាំបាច់ទៅព្យាបាលនៅបរទេស។
ការបំពាក់ម៉ាស៊ីនឡាស៊ែរ 160W នេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្នុងការអភិវឌ្ឍសេវាកម្ម វេជ្ជសាស្ត្រកងទ័ព ឱ្យស្របតាមបច្ចេកវិទ្យាទំនើប និងស្តង់ដារអន្តរជាតិ។
ការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបបែបនេះ ក៏បង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្នុងការយកចិត្តទុកដាក់លើអនាគត សុខុមាលភាពកងទ័ព និងប្រជាជន ដែលនាំមកនូវផលប្រយោជន៍ រយៈពេលវែងដល់ប្រទេសជាតិ៕















