(កដ្ឋមណ្ឌូ)៖ គិតត្រឹមរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗដ៏សាហាវ នៅព្រំប្រទល់រវាងប្រទេសនេប៉ាល់ និងតំបន់ទីបេនៃប្រទេសចិន បានបន្តកើនដល់លើស ៤៧០នាក់ ស្របពេលដែលកិច្ចប្រឹងប្រែងរុករកនិងជួយសង្រ្គោះ កំពុងតែបន្តនៅទាំងសងខាងតំបន់ព្រំដែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera។
នារសៀលថ្ងៃសុក្រនេះ ការិយាល័យនាយករដ្ឋមន្រ្តីនេប៉ាល់ បានរាយការណ៍ថា មនុស្សសរុបចំនួន ៤៦៩នាក់បានស្លាប់ ខណៈ៩៧៧នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន។ ក្នុងថ្ងៃដដែលនេះ អាជ្ញាធរចិនបានឱ្យដឹងថា តួលេខអ្នកស្លាប់នៅខាងព្រំប្រទល់ខ្លួន បានកើនពី៣នាក់ មកដល់៥នាក់ ខណៈចំនួនអ្នកបាត់ខ្លួនគឺ ៥៥៨នាក់ដដែល ហើយពាក់កណ្តាលជាជនបរទេស។ អាជ្ញាធរនៅប្រទេសនេប៉ាល់ បាននិយាយថា ៦៤៤នាក់ក្នុងចំណោមអ្នកបាត់ខ្លួន គឺជាជនជាតិបរទេស ហើយមនុស្សប្រមាណជា ១៥៥០នាក់ ត្រូវបានជួយសង្រ្គោះ។
គួរបញ្ជាក់ថា គ្រោះមហន្តរាយដ៏រន្ធត់ខាងលើ បានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលការបាក់ស្រុតផ្ទាំងទឹកកក បានបញ្ជូនកម្ទេចកម្ទីទឹកកក ដី ថ្ម និងភក់ ធ្លាក់បុកចូលក្នុងទន្លេស្ថិតនៅចន្លោះជ្រលងភ្នំក្នុងតំបន់ នាំឱ្យបង្កជាលំហូរទឹកជំនន់ដ៏ខ្លាំងសម្បើម ដែលបានលេបត្របាក់ភូមិឋាន ទំនប់វារីអគ្គិសនី ក៏ដូចជាស្ពាន ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕





