សមាគមកម្ពុជា-អាស៊ាន ប្តេជ្ញាសហការទាក់ទាញក្រុមហ៊ុនផលិតភាពយន្តធំៗរបស់ចិន មកថតភាពយន្តនៅកម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សមាគមកម្ពុជា-អាស៊ាន ប្តេជ្ញាសហការទាក់ទាញក្រុមហ៊ុនផលិតភាពយន្តធំៗរបស់ចិន មកថតភាពយន្តនៅកម្ពុជា

https://www.cgb-media.com/ 

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Bo Shanglang ប្រធានសមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន (Promotion of Economic and Trade Cambodia-ASEAN Association) និងសហការី ព្រមទាំងវិនិយោគិនចិន ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និងក្រុមហ៊ុន Luzhou Laojiao International Development ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីបើស្តីការក្រសួងទេសចរណ៍។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងរាយការណ៍អំពីសកម្មភាពរបស់សមាគម និងពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ចិន ជាពិសេសលើគំនិតផ្តួចផ្តើម «ទេសចរណ៍ និងភាពយន្ត»

ក្នុងជំនួបនេះ លោក ហួត ហាក់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Bo Shanglang និងគណៈប្រតិភូ ព្រមទាំងវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគម និងវិនិយោគិនចិន ដែលបានចូលរួមគាំទ្រ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជា ទៅកាន់ប្រជាជន សហគ្រាស និងវិនិយោគិននៅប្រទេសចិន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និងចិន ជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍។

លោក ហួត ហាក់ ក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្សារភ្ជាប់ «ទេសចរណ៍ និងភាពយន្ត» ដោយក្រសួងទេសចរណ៍កំពុងដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រការផលិតភាពយន្តទេសចរណ៍នៅកម្ពុជា ក្នុងគោលបំណងប្រែកម្ពុជាឱ្យក្លាយជាគោលដៅថតភាពយន្តអន្តរជាតិ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងផ្តោតលើការសម្រួលនីតិវិធី ការបង្កើតយន្តការច្រកចេញ-ចូលតែមួយ និងការផ្សព្វផ្សាយទីតាំងថតភាពយន្តដ៏សម្បូរបែបរបស់កម្ពុជា ដែលរួមមានប្រាសាទ បេតិកភណ្ឌវប្បធម៌ ឆ្នេរសមុទ្រ ព្រៃភ្នំ និងតំបន់ធម្មជាតិដ៏ស្រស់ស្អាត។

ជាមួយគ្នានេះ លោក Bo Shanglang បានបង្ហាញការប្តេជ្ញាចិត្តសហការជាមួយក្រសួងទេសចរណ៍ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតភាពយន្តធំៗរបស់ប្រទេសចិន និងក្នុងតំបន់រដ្ឋបាលពិសេសហុងកុង មកថតភាពយន្តខ្នាតធំនៅកម្ពុជា។

លោក Bo Shanglang ក៏បានបង្ហាញឆន្ទៈជួយផ្សព្វផ្សាយពីស្ថានភាពជាក់ស្តែង សន្តិសុខ និងសុវត្ថិភាពនៅកម្ពុជា ទៅកាន់ប្រជាជន និងធុរជនចិន ដើម្បីពង្រឹងការតភ្ជាប់បណ្តាញធុរកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ។

ជាកិច្ចបញ្ចប់ លោក ហួត ហាក់ បានស្នើឱ្យសមាគមបន្តផ្សព្វផ្សាយព័ត៌មានពិតអំពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច និងសន្តិសុខរបស់កម្ពុជា ព្រមទាំងផ្សព្វផ្សាយគោលនយោបាយ និងយន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្រុមហ៊ុនផលិតភាពយន្ត អ្នកបង្កើតមាតិកា និងវិនិយោគិនចិនមកកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាគមជួយរៀបចំកម្មវិធី FAM Trip សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកា និងសារព័ត៌មានចិន ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងការវិនិយោគរបស់កម្ពុជា ព្រមទាំងលើកកម្ពស់កិត្យានុភាព និងសក្តានុពលទេសចរណ៍កម្ពុជានៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា សមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន (Promotion of Economic and Trade Cambodia-ASEAN Association) មានបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការតភ្ជាប់ធុរកិច្ចរវាងកម្ពុជា និងចិន។ សមាគមមានបណ្តាញការិយាល័យតំណាងនៅរដ្ឋធានីប៉េកាំង និងបណ្តាខេត្តធំៗក្នុងប្រទេសចិន ព្រមទាំងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងជាដៃគូដ៏មានសក្តានុពលក្នុងការគាំទ្រការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕


أحدث أقدم