(ញូវដែលី)៖ ក្រសួងការបរទេសឥណ្ឌា បានចេញការព្រមានដល់ទីក្រុងវ៉ាស៉ីនតោន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញានេះ ថាវិធានការដាក់ពន្ធលើការទិញប្រេងពីរុស្ស៉ី អាចជះឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគី ប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិក ចាត់វិធានការថ្មីមួយដើម្បីដាក់ទណ្ឌកម្មលើអ្នកទិញប្រេងទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីថ្ងៃពុធ សមាជិកសភាអាមេរិក បានបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ក្រោយការពន្យារពេលអស់ជាច្រើនខែ។ សេចក្តីព្រាងច្បាប់ដែលឥឡូវនេះត្រូវបញ្ជូនទៅឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខា នឹងផ្តល់សិទ្ធិអំណាចដល់រូបលោក ក្នុងការដាក់ពន្ធគយខ្ពស់រហូតដល់ ១០០ភាគរយលើចិន ឥណ្ឌា និងប្រទេសដទៃ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើថាមពលរុស្ស៉ី។
ក្រសួងការបរទេសឥណ្ឌាលើកឡើងថា ទីក្រុងញូវដែលីបានលើកយកបញ្ហានេះ មកពិភាក្សាជាមួយភាគីពាក់ព័ន្ធនានារបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែមកនេះ និងបានបញ្ជាក់ច្បាស់លាស់អំពីផលប៉ះពាល់ដែលអាចកើតមាន ចំពោះទំនាក់ទំនងទ្វេភាគី និងទីផ្សារថាមពលអន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់ក្រសួង សង្កត់ធ្ងន់ថាទីក្រុងញូវដែលីនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាសន្តិសុខថាមពលសម្រាប់ប្រជាជនខ្លួន ហើយនឹងបន្តស្វែងរកប្រភពផ្គត់ផ្គង់ពីអ្នកលក់ចម្រុះ ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃទីផ្សារ។ ជាមួយគ្នានេះ ឥណ្ឌានឹងចាត់វិធានការចាំបាច់ ដើម្បីការពារផលប្រយោជន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕


