(បន្ទាយមានជ័យ)៖ អាជ្ញាធរបានបណ្ដេញជនជាតិថៃចំនួន ៦៦នាក់ ចេញពីប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ការបណ្ដេញចេញនេះធ្វើឡើងបន្ទាប់ពីជនជាតិថៃទាំងនោះ បានជាប់ពន្ធនាគារ និងសម្រេចទោសរួចរាល់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ដែលពួកគេបានប្រព្រឹត្តនៅក្នុងខេត្តសៀមរាប រួមទាំងការស្នាក់នៅដោយខុសច្បាប់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ថា ក្នុងចំណោមជនជាតិថៃទាំង ៦៦នាក់ (មានស្រី ២៨នាក់ និងកុមារ ១នាក់)។ ក្រោយការបណ្ដេញចេញ ពួកគេ ត្រូវហាមឃាត់ចូលមកកម្ពុជាវិញរយៈពេល ៣ ឆ្នាំ ឬ ៥ ឆ្នាំ អាស្រ័យលើករណីបទល្មើស។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរថៃ ក៏បានបញ្ជូនពលករខ្មែរចំនួន ៧៩នាក់ ត្រឡប់មកកម្ពុជាវិញផងដែរ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ពលករខ្មែរទាំងនោះ រួមមាន៖ ស្ត្រី ២៦នាក់ និងកុមារ ១០នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនដោយសារការស្នាក់នៅ ធ្វើការខុសច្បាប់ ការលួចឆ្លងដែនតាមរយៈមេខ្យល់ និងអាជីវករខ្មែរដែលលក់ដូរនៅផ្សាររ៉ូងក្លឿដោយគ្មានច្បាប់អនុញ្ញាត។ អាជ្ញាធរ និងសមត្ថកិច្ច បានទទួលពលករខ្មែរទាំងនោះ និងបានផ្ដល់អាហារសម្រន់ដល់ពួកគេម្នាក់ៗផងដែរ៕











