កម្មវិធីមនុស្សធម៌ «ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ» នឹងរៀបចំឡើងនៅខែវិច្ឆិកា ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

កម្មវិធីមនុស្សធម៌ «ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ» នឹងរៀបចំឡើងនៅខែវិច្ឆិកា ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ

https://www.cgb-media.com/ 

(ភ្នំពេញ)៖ កម្មវិធីមនុស្សធម៌ «ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ» នឹងរៀបចំឡើង នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភ្នំបូកគោ ខេត្តកំពត ដោយមានអ្នកចូលរួមជាង ១០០នាក់ និងមានចម្ងាយដើរសរុប ៣១គីឡូម៉ែត្រ ក្នុងគោលបំណងរៃអង្គាសថវិកាគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីបន្តផ្តល់សេវាព្យាបាលជំងឺដល់កុមារកម្ពុជាដោយឥតគិតថ្លៃ។

កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយលោក អ៊ីវ គឹមសួរ ស្ថាបនិកគម្រោង «ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ» ដោយមានកិច្ចសហការជាមួយដៃគូជាស្ថាប័នឯកជននានា និងការគាំទ្រពីស្ថាប័នរដ្ឋ រួមមានមន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សុខុមាលភាពកុមារ ព្រមទាំងជំរុញការធ្វើលំហាត់ប្រាណ និងការចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម។

សូមជម្រាបថា គម្រោង «ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ» រៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីរៃអង្គាសជូនដល់កុមារកម្ពុជារាប់សិបម៉ឺននាក់ ដែលត្រូវការការព្យាបាល និងសេវាសង្គ្រោះបន្ទាន់។ ក្នុងចំណោមស្ថាប័នសុខាភិបាលដែលបំពេញបេសកកម្មនេះ មន្ទីរពេទ្យកុមារអង្គរគឺជាមន្ទីរពេទ្យដ៏សំខាន់មួយ ដែលបាននិងកំពុងផ្តល់សេវាថែទាំសុខភាព និងព្យាបាលជំងឺដល់កុមារ និងទារកកម្ពុជាដោយឥតគិតថ្លៃ។

មន្ទីរពេទ្យកុមារអង្គរត្រូវការថវិកាប្រមាណ ៦លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ដើម្បីទ្រទ្រង់ប្រតិបត្តិការ និងបន្តផ្តល់សេវាព្យាបាលជំងឺដល់កុមារដែលមកពីតំបន់នានាទូទាំងប្រទេស។ ថវិកាទាំងនេះពឹងផ្អែកជាចម្បងលើជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

លោក អ៊ីវ គឹមសួរ បានថ្លែងថា គម្រោង «ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ» មានគោលបំណងប្រមូលមូលនិធិសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីរួមចំណែកធានាឱ្យកុមារកម្ពុជាបន្តទទួលបានការព្យាបាលដោយឥតគិតថ្លៃ។

លោកបានបន្តថា ទន្ទឹមនឹងនេះកម្មវិធីក៏មានគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើការហាត់ប្រាណ និងសុខភាព ព្រមទាំងបង្កើនការចូលរួមក្នុងសកម្មភាពសង្គម និងការងារមនុស្សធម៌។

លោកបានបន្ថែមថា ក្រៅពីការរួមចំណែកជួយសង្គម កម្មវិធីនេះក៏ជាឱកាសសម្រាប់អ្នកចូលរួមក្នុងការជួបជុំគ្រួសារ មិត្តភក្តិ និងបង្កើតទំនាក់ទំនងថ្មីៗ ព្រមទាំងពង្រីកបណ្តាញសង្គម និងធុរកិច្ច។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងស្រុក ជាពិសេសតំបន់ភ្នំបូកគោ ខេត្តកំពត ដែលជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយរបស់កម្ពុជា។

លោកបានបន្ថែមថា ការចូលរួមពីសំណាក់សប្បុរសជន ដៃគូសហការ និងអ្នកស្រឡាញ់សកម្មភាពកីឡា នឹងជួយជំរុញឱ្យកម្មវិធីសម្រេចបាននូវគោលដៅមនុស្សធម៌ និងរួមចំណែកលើកកម្ពស់សុខភាពកុមារ ព្រមទាំងពង្រឹងស្មារតីសាមគ្គីភាព និងការចូលរួមដោះស្រាយបញ្ហាសង្គមនៅកម្ពុជា។

ឧកញ៉ា ស៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានបង្ហាញពីការគាំទ្រចំពោះកម្មវិធីមនុស្សធម៌ «ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ» ព្រោះកម្មវិធីនេះមិនត្រឹមតែជួយដល់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយដល់អ្នកចូលរួមការហាត់ប្រាណ និងសុខភាព ព្រមទាំងបង្កើនការចូលរួមក្នុងសកម្មភាពសង្គម និងការងារមនុស្សធម៌ផងដែរ៕


أحدث أقدم