(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងរដ្ឋបាលគយវៀតណាម បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗជាច្រើន ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងទប់ស្កាត់បទល្មើសឆ្លងដែន ដើម្បីរួមចំណែកសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ប៊ីលានដុល្លារអាម៉េរិក នាពេលប៉ុន្មានឆ្នាំខាងមុខ ដូចដែលបានកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។
ការប្តេជ្ញានេះ ក្នុងឱកាសដែលលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹកនាំកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូនៃរដ្ឋបាលគយវៀតណាម ដឹកនាំដោយ លោក Nguyen Van Tho អគ្គនាយក នៃរដ្ឋបាលគយវៀតណាម ក្នុងគោលបំណងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)។ នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះ រដ្ឋបាលគយទាំងពីរបានផ្លាស់ប្តូរព័ត៌មាន និងជម្រាបអំពីវឌ្ឍនភាពនៃការអនុវត្តការងាររបស់រដ្ឋបាលគយនៃប្រទេសទាំងពីរ លើការប្រមូលចំណូលពន្ធនិងអាករ កិច្ចសម្រួលពាណិជ្ជកម្ម ការងារកែទម្រង់ និងទំនើបកម្មគយ ការបង្ការនិងបង្រ្កាបបទល្មើសឆ្លងដែន និងកិច្ចសហប្រតិបត្តិការគយជាដើម។
ភាគីទាំងពីរបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់លើការអនុវត្តផែនការកិច្ចសហប្រតិបត្តិការរបស់រដ្ឋបាលគយនៃប្រទេសទាំងពីរ នាឆ្នាំ២០២៥ និង២០២៦ បានជោគជ័យនិងវឌ្ឍនភាពល្អអនុលោមតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ រួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងកំណត់ហេតុកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋបាលគយទាំងពីរកាលពីខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ជាលទ្ធផល រដ្ឋបាលគយនៃប្រទេសទាំងពីរបានឯកភាពគ្នាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.បន្តសហការគ្នាជិតស្និទ្ធដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ និងពង្រឹងយន្តការមន្ត្រីទំនាក់ទំនង (Focal points) ជាប្រចាំ ដើម្បីផ្លាស់ប្តូរព័ត៌មានទាំងក្នុងកម្រិតអគ្គនាយកដ្ឋាន និងនៅមាត់ច្រកព្រំដែន។
២. បន្តពង្រឹងកិច្ចសហការ និងសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ និងពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងទំនិញឆ្លងកាត់ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរព័ត៌មាន ដើម្បីវាយតម្លៃហានិភ័យនៃទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ និងមធ្យោបាយដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម ដែលកិច្ចការទាំងអស់នេះ នឹងអាចចូលរួមចំណែកសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ប៊ីលានដុល្លារអាម៉េរិក នាពេលប៉ុន្មានឆ្នាំខាងមុខ ដូចដែលបានកំណត់គោលដៅ និងរំពឹងទុកដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។
៣. បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការទប់ស្កាត់ទំនិញរត់គេចពន្ធ សារធាតុគ្រឿងញៀន និងទំនិញឆ្លងដែនខុសច្បាប់ផ្សេងទៀត និងពង្រឹងយន្តការផ្លាស់ប្តូរព័ត៌មានសម្ងាត់។ បន្តគាំទ្រគ្នាអនុវត្តប្រតិបត្តិការរួមគ្នាដើម្បីប្រឆាំង និងទប់ស្កាត់ទំនិញរត់គេចពន្ធ និងទំនិញខុសច្បាប់ឆ្លងកាត់ព្រំដែន។
៤. បន្តពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ កិច្ចសម្របសម្រួល និងផ្លាស់ប្តូរព័ត៌មាន រវាងសាខាគយនិងរដ្ឋាករខេត្តជាប់ព្រំដែនទល់មុខគ្នា ដោយបានកំណត់ការរៀបចំកិច្ចប្រជុំ ប្តូរវេនគ្នា ៦ខែម្តង តាមការចាំបាច់។
៥. អនុវត្តឱ្យមានប្រសិទ្ធភាពលើផែនការសកម្មភាពសហប្រតិបត្តិការរវាងរដ្ឋបាលគយ នៃប្រទេសទាំងពីរ ឆ្នាំ២០២៧ និង២០២៨ (រៀបចំផ្លាស់ប្តូរបទពិសោធលើការត្រួតពិនិត្យគយនៅអាកាសយានដ្ឋានអន្តរជាតិ ផ្លាស់ប្តូរបទពិសោធលើប្រព័ន្ធគ្រប់គ្រងហានិភ័យសម្រាប់ផ្ទៀងផ្ទាត់វិញ្ញាបនបត្រដើមកំណើតទំនិញ, ផ្លាស់ប្តូរបទពិសោធលើការងារកែទម្រង់ និងទំនើបកម្មគយ, រៀបចំវេទិកាគយរួមគ្នាសម្រាប់សមាគមន៍ធុរកិច្ចវៀតណាមនៅកម្ពុជា, រៀបចំទស្សនកិច្ចសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក, រៀបចំទស្សនកិច្ចសិក្សាលើសវនកម្មក្រោយពេលបញ្ចេញទំនិញ និងការគ្រប់គ្រងសហគ្រាសកែច្នៃសម្រាប់ការនាំចេញ រៀបចំកិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៨ និងលើកទី៩ និងរៀបចំកិច្ចប្រជុំទ្វេភាគីកម្រិតអគ្គនាយកគយ)។
៦. បន្តសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាពិនិត្យលទ្ធភាពអនុវត្តយន្តការត្រួតពិនិត្យរួមគ្នាតែមួយដង នៅច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ។
៧. គាំទ្រគ្នាទៅវិញទៅមកលើការងារគយលើឆាកអន្តរជាតិ តំបន់ និងពហុភាគី (GMS, ASEAN, ASEM, WCO, WTO) ព្រមទាំងយន្តការសហប្រតិបត្តិការផ្សេងទៀត។
៨. រៀបចំកិច្ចប្រជុំទ្វេភាគីកម្រិតអគ្គនាយកគយបន្ទាប់ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២៨។
ឆ្លៀតក្នុងឱកាសនោះដែរ បន្ទាប់ពីកិច្ចប្រជុំ គណៈប្រតិភូគយវៀតណាម បានចុះទស្សនកិច្ចនៅ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីស្វែងយល់ពីប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាត្រួតពិនិត្យរបស់អគរ ,ការិយាល័យគយនិងរដ្ឋាករតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុន Angkor Diary Products Co., Ltd ដែលបានវិនិយោគ និងប្រតិបត្តិការផលិតទឹកដោះគោ ដ៏ធំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបានស្វែងយល់ពីការអនុវត្តនីតិវិធីគយពិសេសនិងកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេស និង នាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីស្វែងយល់ពីនីតិវិធីត្រួតពិនិត្យអ្នកធ្វើដំណើរតាមផ្លូវអាកាសរបស់រដ្ឋបាលគយកម្ពុជា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនិងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ផងដែរ។
គណៈប្រតិភូគយវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការងារកែទម្រង់ និងទំនើបកម្មគយ ការគ្រប់គ្រងហានិភ័យ កិច្ចសម្រួលពាណិជ្ជកម្ម ការផ្តល់សេវាសាធារណៈ និងបានកោតសរសើពីហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ៕


































