(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានពិភាក្សាការងារជាមួយ លោក តូ ឡឹម (To Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។
ជំនួបកំពូលនេះ ធ្វើឡើងក្នុងឱកាសដែល ប្រធានរដ្ឋ តូ ឡឹម ដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
តាមរយៈជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងភាតរភាពនេះ ថ្នាក់ដឹកនាំកំពូលទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាសំដៅបន្តពូនជ្រុំ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងចីរភាពយូរអង្វែង» រវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕
















