(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិ ភូអមនាយករដ្ឋមន្ដ្រី, លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នង ការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងលោកឧត្តមសេនីយ៍ឯក ឌី ពៅ នាយករងខុទ្ទកាល័យសម្តេច ធិបតី និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែន ការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសសន្និសីទអន្ដរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ ធ្វើនៅសាលប្រជុំនាយកដ្ឋានអង្គរក្ស ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ, តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, តំណាងអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច, តំណាងអាកាសយានដ្ឋានអន្តរជាតិតេជោ, តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង និងមន្រ្តីកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ»។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ៕



















